វាសនាលិចអណ្ដែតៗពីឡានអេតចាយ ២០០ដុល្លារ ទៅជាស្ដេចឡានតម្លៃ ៦លានដុល្លារ

ដូចពាក្យគេថាវាសនាមើលមិនឃើញនោះទេ ថ្ងៃមុនលិច ថ្ងៃនេះអាចរះក៏ថាបាន ដូចនេះកុំមើលស្រាលអ្វីមួយត្រឹមសម្បកក្រៅ។ មិនខុសនោះទេរថយន្ត Ferrari 340 មានអាយុ ៦៩ ឆ្នាំដែលអ្នកកំពុងឃើញនេះ មានតម្លៃដល់ទៅ ៦លានដុល្លារ។ កាលពីមុន មនុស្សមិនស្គាល់តម្លៃវាគេដាក់លក់ត្រឹម ២០០ដុល្លារថែម​ទាំងចាត់ចូលជាប្រភេទ ឡានអេតចាយ ឥតប្រយោជន៍​មួយគ្រឿងតែប៉ុណ្ណោះ។

រថយន្ត Ferrari 340 កំពុងដាក់លក់ដោយ ក្រុមហ៊ុនដេញថ្លៃនិងប្រមូលទិញរថយន្តបុរាណឈានមុខគេ មានឈ្មោះថា Mecum Auctions នៅក្នុងព្រឹត្តិការណ៍ពិសេស Indianapolis នៅចុងសប្តាហ៍នេះ។

រថយន្តចំណាស់ Ferrari 340 នេះ មានប្រវត្តិមិនធម្មតានោះទេ។ ពីដើមមកវាជារថយន្តប្រណាំងមួយគ្រឿង និងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងកម្មវិធីប្រណាំងរថយន្តស្ព័រចំណាស់ជាងគេបំផុតរបស់ពិភពលោក 24 Hours of Le Mans នៅក្នុង ឆ្នាំ១៩៥២។

ប៉ុន្ដែមិនយូរនោះទេ នៅឆ្នាំ១៩៩០ ខណៈវាបានក្លាយជាឡានអេតចាយបាត់ទៅហើយ លោក Mike Sanfilippo ដែលជាអ្នកប្រណាំងឡាន Dragster (ការប្រណាំងឡានវាស់ល្បឿន) បានទិញវាក្នុងតម្លៃ ២០០ដុល្លារ ពីការ៉ាស់ឡានមួយ។ ព្រោះតែមិនស្គាល់ពីប្រវត្តិរថយន្តនេះ ម៉្យាងមិនអាចយកវាទៅប្រណាំបាន ទើបលោកលក់វាវិញនៅលើ វ៉ិបសាយ eBay នៅឆ្នាំ២០០៦ ក្នុងតម្លៃ ២៦៩១២ដុល្លារ។