កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព ចាប់ផ្តើមហើយនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
(អាមេរិក)៖ កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព បានចាប់ផ្តើមហើយនៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងវេលាយប់ម៉ោងនៅកម្ពុជា។ កិច្ចប្រជុំដឹកនាំដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលជាស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ដោយមានការអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមេដឹកនាំនៃបណ្តាប្រទេសនានាជាច្រើនទៀត។
ក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមបង្កើតដោយប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាបង្កើតផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងដាវ៉ូសប្រទេសស្វីស។
ប្រទេសកម្ពុជា បានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាង និងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាម។
សូមបញ្ជាក់ថា សម្រាប់ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ តែសម្រាប់ការចូលជាសមាជិករយៈអចិន្ត្រៃយ៍ មានព័ត៌មាននានាថា នឹងត្រូវបង់ថវិកាប្រមាណជា ១ពាន់លានដុល្លារអាមេរិក៕
#Freshnews



