អាជ្ញាធរខេត្តរតនគិរី កោះប្រជុំបន្ទាន់ ដាក់ចេញវិធានការក្តៅបង្ក្រាបការឆបោកអនឡាញ

អាជ្ញាធរខេត្តរតនគិរី កោះប្រជុំបន្ទាន់ ដាក់ចេញវិធានការក្តៅបង្ក្រាបការឆបោកអនឡាញ

រតនគិរី៖ អាជ្ញាធរខេត្តរតនគិរីបានបើកកិច្ចប្រជុំបន្ទាន់មួយ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងជំរុញប្រសិទ្ធភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈបញ្ហានេះកំពុងក្លាយជាបញ្ហាសង្គមគួរឱ្យព្រួយបារម្ភ។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ លោក ញ៉ែម សំអឿន អភិបាលខេត្ត ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធជាច្រើន។

ក្នុងកិច្ចប្រជុំ អាជ្ញាធរបានផ្តោតលើការតាមដានវឌ្ឍនភាពនៃប្រតិបត្តិការបង្ក្រាប ការស្វែងរកទីតាំងសង្ស័យជាទីប្រមូលផ្តុំរបស់ក្រុមឧក្រិដ្ឋជន និងការពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំជាតិ ក្នុងគោលបំណងទប់ស្កាត់បទល្មើសឆបោកអនឡាញ និងរក្សាសុវត្ថិភាពសង្គមឱ្យកាន់តែមានប្រសិទ្ធភាព។

ដោយសារតែបញ្ហាបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា អភិបាលខេត្ត ស្នងការ និងមេបញ្ជាការ កងរាជ អាវុធហត្ថខេត្តមណ្ឌលគិរី ត្រូវបានដកចេញពីតំណែង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ លោក ថង សាវុន ដែល ត្រូវបានដកចេញពីអភិបាលខេត្តមណ្ឌលគីរី ត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ចំណែក លោក គង់ គឺ មនី អភិបាលរងខេត្តក្រចេះ ត្រូវបានតែងតាំងជាអភិបាលខេត្ត មណ្ឌលគិរីជំនួសវិញ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងទៀតថា នៅ ខេត្តរតនគិរី កំពុងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះហើយ សម្តេចបានផ្តាំទៅអភិបាល ខេត្តរតនគិរី និង អភិបាលខេត្តមណ្ឌលគិរី មេនគរបាល និងមេកងរាជអាវុធហត្ថ ដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរឹងបំផុតលើជម្រកក្រុម ឆបោកតាមបច្ចេកវិទ្យា (Scam Online)នេះ៕

ព័ត៌មានជាប់ទាក់ទង