ឯកឧត្តម ចេង ប៉េងហាប់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពត់សរ បាននាំយកអំណោយ ចែកជូនគ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១៥០គ្រួសារ និងបានឧបត្ថម្ភអំពូលសូឡា ចំនួន ៧០ឈុត
(តាកែវ)៖នារសៀល ថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចេង ប៉េងហាប់ មេធាវីរាជរដ្ឋាភិបាល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពត់សរ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងប្រគល់អំណោយដែលទទួលបានពីសប្បុរសជន ជូនគ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១៥០គ្រួសារ និងបានឧបត្ថម្ភអំពូលសូឡា ចំនួន ៧០ឈុត សម្រាប់បំពាក់តាមដងផ្លូវ ក្នុងមូលដ្ឋានឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ចេង ប៉េងហាប់ បានពាំនាំនូវការផ្តាំសួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម គី តិច អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទី ដែលតែងតែយកចិត្តទុកដាក់ និងដោះស្រាយរាល់ទុក្ខលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានឧបត្ថម្ភ ដល់មូលដ្ឋានឃុំពត់សរ តាមរយៈក្រុមការងារនូវអំណោយសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋទាំង ១៥០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវ៖ អង្ករ ៥គីឡូ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ មីខ្លាឃ្មុំ ១កេស សាប៉ូបោកខោអាវ ១កញ្ចប់ សាប៊ូលាងចាន ១ដប ប្រេងឆា ១ដប ទឹកសុទ្ធ ១កេស និងថវិកា ៤ម៉ឺនរៀល និងបានឧបត្ថម្ភអំពូលសូឡាចំនួន ៧០ឈុត សម្រាប់បំពាក់តាមដងផ្លូវក្នុងមូលដ្ឋានឃុំពត់សរ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពត់សរទាំងមូល ព្រមទាំងបានឧបត្ថម្ភជូនប្រជាការពារភូមិ ចំនួន ៥០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀលផងដែរ។
ពិធីនេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តចំបក់បិទមាស ក្នុងមូលដ្ឋានឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក-សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពត់សរ លោកមេឃុំពត់សរ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងប្រជាការពារឃុំ៕



