សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យបន្ថែម ២ដុល្លារ! ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតវិស័យកាត់ដេរ ឡើងដល់ ២១២ដុល្លារ ក្នុង១ខែ សម្រាប់ឆ្នាំ២០២៧
សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យបន្ថែម ២ដុល្លារ! ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតវិស័យកាត់ដេរ ឡើងដល់ ២១២ដុល្លារ ក្នុង១ខែ សម្រាប់ឆ្នាំ២០២៧
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ជាផ្លូវការចំនួន ២១២ដុល្លារអាមេរិក ក្នុងមួយខែ បន្ទាប់ពីទទួលបានការសម្រេចឱ្យបន្ថែម ២ដុល្លារ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំពិភាក្សាជាលើកចុងក្រោយ ដើម្បីពិភាក្សា និងពិនិត្យលើការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧។ នៅក្នុងកិច្ចប្រជុំនេះ មានតួលេខចំនួន២ ត្រូវបានដាក់ឲ្យបោះឆ្នោតក្នុងនោះមាន២១០ដុល្លារ ស្នើដោយនិយោជក តួលេខ២២៥ដុល្លារស្នើដោយភាគីសហជីព។ ជាលទ្ធផល នៃកិច្ចប្រជុំចរចាត្រីភាគី និងការបោះឆ្នោ តួលេខចំនួន ២១០ដុល្លារ ដែលជាប្រាក់ឈ្នួលបរមាឆ្នាំ២០២៦ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ៤៧/៥១សំឡេង ។
ទោះជាយ៉ាងណា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះជីវភាពរបស់បងប្អូនកម្មករនិយោជិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារ លើតួលេខចរចានេះ។ ការសម្រេចដ៏ថ្លៃថ្លានេះ បានធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត កើនឡើងពីចំនួន ២១០ដុល្លារ (ក្នុងឆ្នាំ២០២៦) ទៅដល់ ២១២ដុល្លារ ក្នុងមួយខែ (សម្រាប់ឆ្នាំ២០២៧)។
តួលេខប្រាក់ឈ្នួលអប្បបរមាថ្មី ២១២ដុល្លារនេះ នឹងត្រូវចូលជាធរមានអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។ ក្រៅពីប្រាក់ឈ្នួលអប្បបរមា ២១២ដុល្លារក្នុងមួយខែ បងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅតែបន្តទទួលបាននូវប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតជារៀងរាល់ខែ រួមមាន៖
ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ៖ ចំនួន ៧ ដុល្លារ/ខែ
ប្រាក់រង្វាន់ធ្វើការទៀងទាត់៖ ចំនួន ១០ ដុល្លារ/ខែ
ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោង (Overtime) ដោយស្ម័គ្រចិត្ត៖ ចំនួន ២,០០០ រៀល/ថ្ងៃ (ឬទទួលបានបាយមួយពេលដោយឥតគិតថ្លៃ)
ប្រាក់អតីតភាពការងារ៖ ចន្លោះពី ២ ទៅ ១១ ដុល្លារ/ខែ (សម្រាប់កម្មករនិយោជិតដែលបម្រើការងារចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១)។
យោងតាមការគណនាទាំងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗខាងលើ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងអាចទទួលបានប្រាក់ចំណូលសរុបចន្លោះពី ២២៩ដុល្លារ ទៅ ២៤០ដុល្លារអាមេរិក ឬលើសពីនេះ ក្នុងមួយខែៗ៕



