ចាប់បានហើយ!ឃាតករដែលកាប់សម្លាប់មនុស្សស្លាប់ពីរនាក់នៅឯខេត្តតាកែវកាលពីម្សិលមិញ
តាកែវ៖ នៅវេលាម៉ោង៣:៣៥នាទីទៀបភ្លឺថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការសម្រួបសម្រួលនីតិវិធីរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីយកពូថៅកាប់មនុស្សស្លាប់ចំនួនពីរនាក់ ដែលជនរងគ្រោះត្រូវជាសាច់ញាតិរបស់ខ្លួន។
ជនសង្ស័យខាងលើមានឈ្មោះ ប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាជនដៃដល់ ក្នុងករណីឃាតកម្ម ដោយយកពូថៅកាប់ជនរងគ្រោះស្លាប់ ចំនួនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ កាលពីវេលាម៉ោង២០:០៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
យោងតាមការផ្សាយនៅលើហ្វេសប៊ុកផេករបស់កងរាជអាវុធហត្ថខេត្តតាកែវបច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕



