ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង ស្តីពី «ការជំរុញការអភិវឌ្ឍទេសចរណ៍តាមរយៈកម្មសិទ្ធិបញ្ញា»
ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង ស្តីពី «ការជំរុញការអភិវឌ្ឍទេសចរណ៍តាមរយៈកម្មសិទ្ធិបញ្ញា»
នាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង ស្តីពី «ការជំរុញការអភិវឌ្ឍទេសចរណ៍តាមរយៈកម្មសិទ្ធិបញ្ញា (Boosting Tourism Development through Intellectual Property)» ដោយមានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក Prasetyo Erry តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) អ្នកជំនាញជាតិ និងអន្តរជាតិរបស់អង្គការ WIPO តំណាងមន្ទីរពាណិជ្ជកម្មខេត្ត សហគ្រិន និងនិស្សិតជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា ការជំរុញការបណ្តុះបណ្តាល និងការបង្កើតកម្មវិធីប្រកួតប្រជែងផ្សេងៗ ក្នុងន័យជំរុញ និងបង្កើនសមត្ថភាពគ្រប់គ្រង និងផលិតរបស់សហគ្រាសទាំងអស់នោះផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានបន្តធ្វើទំនើបកម្ម និងសាមញ្ញកម្មនីតិវិធីនានារបស់ក្រសួងពាណិជ្ជកម្ម ក្នុងន័យលើកកម្ពស់ និងជំរុញឱ្យសហគ្រិនទទួលបានសេវាកម្មប្រកបដោយតម្លាភាព សុក្រឹតភាព និងភាពជឿជាក់។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលតែងតែជួយគាំទ្រដល់ក្រសួងពាណិជ្ជកម្ម លើផ្នែកបច្ចេកទេសក្នុងការពង្រឹង និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា។ តួយ៉ាង គម្រោងស្តីពី «ការជំរុញការអភិវឌ្ឍទេសចរណ៍តាមរយៈកម្មសិទ្ធិបញ្ញា» ដែលជាកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ WIPO បានជ្រើសរើសសហគ្រិនចំនួន ២០ រូប ក្រោមលក្ខខណ្ឌរបស់គម្រោង ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលជាស៊េរីចំនួន ៣ លើក ពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះកម្មសិទ្ធិបញ្ញា ប្រភេទនៃកម្មសិទ្ធិបញ្ញា ការកសាងកេរ្តិ៍ឈ្មោះម៉ាក និងផលិតផល ការរៀបចំផែនការអាជីវកម្ម ការកំណត់យុទ្ធសាស្ត្រអាជីវកម្មដែលផ្សារភ្ជាប់នឹងកម្មសិទ្ធិបញ្ញា ការគ្រប់គ្រងកម្មសិទ្ធិបញ្ញាសម្រាប់អាជីវកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញា ជាដើម។
សូមជម្រាបជូនថា ក្នុងកម្មវិធីនេះ ក៏មានការចែកជូនលិខិតទទួលស្គាល់ការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាករបស់សហគ្រិន ដែលទទួលបានការបណ្តុះបណ្តាលពីគម្រោងផងដែរ



