ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក ឈីវ វិនស៊ីវ (Qiu Wenxu) អនុប្រធានប្រតិបត្តិ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃគូ (Haikou Silk Road Academy of Social Sciences) នៃសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក ឈីវ វិនស៊ីវ (Qiu Wenxu) អនុប្រធានប្រតិបត្តិ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃគូ (Haikou Silk Road Academy of Social Sciences) នៃសាធារណរដ្ឋប្រជាមានិតចិន

 

នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Qiu Wenxu អនុប្រធានប្រតិបត្តិ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃគូ (Haikou Silk Road Academy of Social Sciences) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ, លោក អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស, លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងសហព័ន្ធស្វាយចន្ទីកម្ពុជាជាច្រើនរូប។

ជំនួបនេះមានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម ក្រោមក្របខ័ណ្ឌគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» (Belt and Road Initiative) របស់សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ លោក ឈីវ វិនស៊ីវ និងគណៈប្រតិភូ ព្រមទាំងបានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិននាពេលកន្លងមក ជាពិសេសក្រោមក្របខ័ណ្ឌគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមានការសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្ដល់ព័ត៌មាន និងឆ្លើយតបចំពោះចំណុចសំខាន់ៗដែលភាគីចិនបានលើកឡើង ពាក់ព័ន្ធនឹងការស្វែងយល់អំពីសក្ដានុពលកសិផលកម្ពុជា ការស្វែងរកឱកាសក្នុងការតភ្ជាប់ និងបង្កើតភាពជាដៃគូធុរកិច្ចរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន ដើម្បីជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិន ព្រមទាំងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ និងអភិវឌ្ឍទីផ្សារតាមប្រព័ន្ធឌីជីថល។

ជាការឆ្លើយតប លោក Qiu Wenxu បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូលជួបពិភាក្សាការងារ និងផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធ ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្ដានុពលកសិផលកម្ពុជា ជាពិសេសដំឡូងមីចំណិត និងកៅស៊ូ ដើម្បីស្វែងរកលទ្ធភាពនាំចេញទៅកាន់ទីផ្សារប្រទេសចិន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីគាំទ្រដល់ការតភ្ជាប់ និងអភិវឌ្ឍទីផ្សាររវាងប្រទេសទាំងពីរ៕

 

ព័ត៌មានជាប់ទាក់ទង