លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តកោះកុង
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តកោះកុង
នាព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង (ក.ប.ប.) ខេត្តកោះកុង ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមបេសកកម្មរបស់ក្រសួង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ និងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តកោះកុង ដែលបានបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលជាច្រើន និងបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅមូលដ្ឋាន។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត បន្តរៀនសូត្រ ពង្រឹងសមត្ថភាព ចំណេះជំនាញថ្មីៗបន្ថែមទៀត ព្រមទាំងបន្តបំពេញតួនាទីដោយស្មារតីទទួលខុសត្រូវ វិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងការបម្រើសាធារណៈប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនៅខេត្តកោះកុង និងពង្រឹងការអនុវត្តបេសកកម្មរបស់ក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធផល៕



