លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក “យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា”
លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក “យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា”
នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក “យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធាន គ.ត.ផ.ហ.ក. ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធ-សមាគមធុរកិច្ច និងក្រុមហ៊ុន-សហគ្រាសជាច្រើនរូប។
ថ្លែងក្នុងពិធីបើក លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺជាយុទ្ធនាការដំបូងនៃគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងកិច្ចខិតខំផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជាដែលនឹងចូលរួមជាសារវន្តក្នុងការលើកកម្ពស់ និងបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុកដោយមានគោលបំណងសំខាន់ៗ ចំនួន ៣ គឺ៖
១. ផ្សព្វផ្សាយប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ០៧០ ព.ណ ន.ហទ្ប. ប្រក.ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា ដែលបានកែសម្រួលលើប្រកាសចាស់ និងធ្វើឱ្យប្រសើរទ្បើងនូវនីតិវិធីគន្លឹះមួយចំនួន មានជាអាទិ៍៖ ការចែងច្បាស់លាស់អំពីការចុះបញ្ជីផលិតផលហាទ្បាលដោយរូបវន្តបុគ្គលដែលពុំមានចែងច្បាស់ក្នុងប្រកាសចាស់, ការធ្វើសាមញ្ញកម្មនីតិវិធីដាក់ពាក្យស្នើសុំ, ការបង្រួមពេលវេលាចុះបញ្ជី ៩០ថ្ងៃ មក ៦០ថ្ងៃ នៃថ្ងៃធ្វើការ ដោយការកាត់បន្ថយឯកសារតម្រូវ រយៈពេលចុះត្រួតពិនិត្យ និងការចេញវិញ្ញាបនបត្រ, ការបង្កើនសុពលភាពវិញ្ញាបនបត្រពីរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ, ការបង្កើនរយៈពេលជូនដំណឹងអំពីការបន្តសុពលភាពមុនពេលផុតកំណត់ពី៣០ ទៅ ៩០ថ្ងៃ, និងការអនុញ្ញាតឱ្យពង្រីកបញ្ជីផលិតផលជាដើម។
២. បង្កើនការបញ្ជ្រាបការយល់ដឹងអំពីកិច្ចការហាឡាល និងអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា
៣.ផ្សព្វផ្សាយឱ្យបានដឹងអំពីវិធានការចំពោះភាពមិនអនុលោមក្នុងការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ឬការប្រើប្រាស់ស្លាកសញ្ញាហាទ្បាល ដោយមិនមានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវ
នាឱកាសនោះផងដែរ ក៏មានការផ្តល់កិត្តិយសអញ្ជើញផ្តល់បទឧទ្ទេសនាមដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី និងជាអនុប្រធាន គ.ត.ផ.ហ.ក ចែករំលែកអំពីសាវតានៃកិច្ចការហាឡាលនៅកម្ពុជា និងការចែករំលែកបទពិសោធន៍នៃការអនុវត្តនៅប្រទេសគោលដៅ អមជាមួយការធ្វើបទបង្ហាញលើដំណើរការចុះបញ្ជីផលិតផលហាទ្បាលកម្ពុជា ដោយមន្រ្តីជំនាញ និងក្រុមឯកទេសផលិតផលហាទ្បាល និងការចែករំលែកបទពិសោធន៍ពីក្រុមហ៊ុននិងសហគ្រាសក្នុងស្រុក។
សូមបញ្ជាក់ជូនថា យុទ្ធនាការផ្សព្វផ្សាយនិងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីខែកក្កដា ដល់ ខែធ្នូ ឆ្នាំ២០២៦ ដោយផ្តើមចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ នឹងបន្តទៅតាមបណ្តាខេត្តគោលដៅមួយចំនួនទៀតរួមមាន ខេត្តសៀមរាប បាត់ដំបង កំពត-កែប និងព្រះសីហនុ ដោយនឹងមានការរៀបចំបញ្ជរផ្តល់ការណែនាំ ប្រឹក្សាយោបល់ និងសម្របសម្រួលទទួលពាក្យស្នើសុំនៅទីតាំងផ្ទាល់។



