លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន

 

នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក វ៉ាន់ ហួរ ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ជំនួស លោក សុខ សាធីម ដែលត្រូវបានចូលនិវត្តន៍។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ចកម្ម អាជ្ញាធរដែនដី និងមន្ត្រីរាជការតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធចំណុះខេត្តប៉ៃលិន ជាច្រើនរូបផងដែរ។ 

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះលោកប្រធានមន្ទីរថ្មី និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់លោកប្រធានមន្ទីរចាស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅមូលដ្ឋានកន្លងមក។

លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខេត្តប៉ៃលិន ជាខេត្តដែលមានសក្ដានុពលខ្ពស់លើវិស័យកសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែន ជាពិសេសផលិតផលកសិកម្មសក្ដានុពល ដូចជា មៀនប៉ៃលិន ពោតក្រហម និងដំឡូងមី ដែលអាចបន្តលើកកម្ពស់ការកែច្នៃ បង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ និងការជំរុញវិស័យពាណិជ្ជកម្ម រួមមាន៖ ការកែទម្រង់រដ្ឋបាលសាធារណៈ និងពង្រឹងអភិបាលកិច្ចស្ថាប័ន ការបន្តអនុវត្តយុទ្ធនាការ #MadeInCambodia និង #MadeByHer ដើម្បីលើកកម្ពស់ផលិតផលជាតិ និងផលិតផលស្ត្រី ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងម៉ាកសមូហភាព ដើម្បីបង្កើនតម្លៃផលិតផល និងការពារសិទ្ធិកម្មសិទ្ធិបញ្ញា ការពង្រីកទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការធ្វើពិពិធកម្មទីផ្សារនាំចេញ ការធ្វើទំនើបកម្ម និងឌីជីថលូបនីយកម្មសេវាសាធារណៈ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងបង្កើនប្រសិទ្ធភាពសេវា និងការពង្រឹងកិច្ចការការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងសុវត្ថិភាពម្ហូបអាហារ ព្រមទាំងការដាក់ឱ្យដំណើរការ សហគ្រាសពាណិជ្ជកម្មកម្ពុជា (Cambodia Trade Enterprise – CTE) ដើម្បីជំរុញការតភ្ជាប់ទីផ្សារ និងពង្រីកឱកាសពាណិជ្ជកម្មថ្មីៗសម្រាប់ផលិតផលកម្ពុជា។

នៅកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បន្តបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពក្រមសីលធម៌វិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើន ស្របតាមបេសកកម្មរបស់ក្រសួងពាណិជ្ជកម្ម និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល

 

ព័ត៌មានជាប់ទាក់ទង