ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អតីតពលករ និងយុវជន ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ»

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អតីតពលករ និងយុវជន ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» 

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អតីតពលករ និងយុវជន ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងបន្តពង្រីកឱកាសការងារក្នុងស្រុក លើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសង្គម និងផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងសហគ្រាស ក្រុមហ៊ុន និងវិស័យឯកជន និងប្រជាពលរដ្ឋសរុបជាង ៥០០នាក់។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងអតីតពលករចំណាកស្រុក មកពីប្រទេសថៃ ចាប់យកឱកាសការងារក្នុងស្រុក ខណៈបច្ចុប្បន្ន សហគ្រាស ក្រុមហ៊ុន រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេសកំពុងមានតម្រូវការកម្លាំងពលកម្មជាង៩ម៉ឺនកន្លែង។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ការធ្វើការងារក្នុងស្រុកមិនត្រឹមតែផ្តល់ប្រាក់ចំណូលប្រកបដោយស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ការគាំពារក្រោមរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន របបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ដែលរួមចំណែកលើកកម្ពស់សុខុមាលភាព និងធានាសន្តិសុខសង្គមជូនកម្មករនិយោជិត។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងការធ្វើចំណាកស្រុកដោយខុសច្បាប់ ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ច ការរំលោភបំពានសិទ្ធិការងារ និងខ្វះការគាំពារ និងការការពារតាមផ្លូវច្បាប់។ ក្នុងករណីមានបំណងទៅបម្រើការងារនៅក្រៅប្រទេស ប្រជាពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរមានសមត្ថកិច្ចជាមុន។ សម្រាប់ព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់សេវាផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានអំពីសេវា ប.ស.ស.។

ទន្ទឹមនឹងនេះ ឯកឧត្តម កត្តា អ៊ន ក៏បានលើកទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋឱ្យចូលរួមសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម និងវិទ្យាស្ថាននានានៅទូទាំងប្រទេសតាមជំនាញដែលខ្លួនពេញចិត្ត និងឆ្លើយតបតម្រូវការងារ ដើម្បីបង្កើនជំនាញ និងពង្រីកឱកាសទទួលបានការងារ និងចំណូលសមរម្យ។

សូមជម្រាបថា វេទិកាការងារនេះ មានការចូលរួមពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ ដែលបាននាំយកឱកាសការងារក្នុងស្រុកចំនួន ៣ ៧៨០កន្លែង មកផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ រួមមាន រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត រោងចក្រ ស៊ីអិន លីហ័រ ប៊ែក (ខេមបូឌា) ក្រុមហ៊ុន ថាកូ អាហ្រ្គីនិង ក្រុមហ៊ុន ជាវ លីដា អេហ្គ្រិខលឈ័រ វិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI)។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ សម្រាប់បញ្ជូនពលករទៅបម្រើការងារនៅប្រទេសជប៉ុន រួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មីណាមី (ខេមបូឌា) អ៊ិនធើណេសិនណល សឺវីស ឯ.ក ដែលបានផ្តល់ព័ត៌មាន សេវាផ្គូផ្គងការងារ និងការប្រឹក្សាយោបល់ដោយផ្ទាល់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកស្វែងរកការងារនិងតម្រូវការទីផ្សារការងារបច្ចុប្បន្ន៕

 

ព័ត៌មានជាប់ទាក់ទង