ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកក្នុងទម្រង់ផ្សេងក្រៅពីការលក់ឡាយឡុង ជាមួយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប)
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកក្នុងទម្រង់ផ្សេងក្រៅពីការលក់ឡាយឡុង ជាមួយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប)
ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹក ថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកក្នុងទម្រង់ផ្សេងក្រៅពីការលក់ឡាយឡុង ជាមួយលេខាធិការដ្ឋាន គ.ប.ឆ.ប។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប, ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប, ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ឆ.ប។ កិច្ចប្រជុំពិគ្រោះយោបល់នេះរៀបចំឡើងដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពនៃការអនុវត្ត នៅពេលប្រកាសនេះត្រូវបានដាក់ចេញ។
គូសបញ្ជាក់ថា ក្នុងការអនុវត្តស្របតាមមាត្រា១១ នៃច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក កន្លងមក ក្រសួងយុត្តិធម៌ បានដាក់ចេញប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការអនុវត្តការចាត់ចែងជាបណ្តោះអាសន្ននូវត្ថុចាប់យក ដែលផ្តោតលើទម្រង់ជាការលក់ឡាយឡុង។ បន្ថែមពីនេះ, សេចក្តីព្រាងប្រកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីវិធាននៃការចាត់ចែងជាបណ្តោះអាសន្នក្នុងទម្រង់ផ្សេងក្រៅពីការលក់ឡាយឡុងនូវវត្ថុចាប់យក ក្នុងរឿងក្តីព្រហ្មទណ្ឌនៅតាមតុលាការ សំដៅធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការអនុវត្តការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ទន្ទឹមនេះ, ប្រកាសនេះ ក៏នឹងរួមចំណែកក្នុងការរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។



