លោកជំទាវរដ្ឋមន្ត្ត្រី ចម និម្មល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងដាក់បង្ហាញរថយន្ត Jaguar Land Rover ដែលមានរថយន្តម៉ាក Range Rover និង Defender ដែលទទួលសិទ្ធិក្នុងការចែកចាយដោយក្រុមហ៊ុន HGB Prime Co., Ltd. នៅព្រះរាជាណាចក្រកម្ពុជា

លោកជំទាវរដ្ឋមន្ត្ត្រី ចម និម្មល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងដាក់បង្ហាញរថយន្ត Jaguar Land Rover ដែលមានរថយន្តម៉ាក Range Rover និង Defender ដែលទទួលសិទ្ធិក្នុងការចែកចាយដោយក្រុមហ៊ុន HGB Prime Co., Ltd. នៅព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងដាក់បង្ហាញរថយន្ត Jaguar Land Rover ដែលមានរថយន្តម៉ាក Range Rover និង Defender ដែលទទួលសិទ្ធិក្នុងការចែកចាយដោយក្រុមហ៊ុន HGB Prime Co., Ltd. នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រុមហ៊ុន HGB Prime Co., Ltd. លោក Garth Turnbull នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Jaguar Land Rover តំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ធុរជន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន HGB Prime Co., Ltd. ចំពោះសមិទ្ធផលដ៏សំខាន់នេះ និងបានស្វាគមន៍ការវត្តមានរបស់ Jaguar Land Rover ក្នុងទីផ្សារកម្ពុជា តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន HGB Prime។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបើកដំណើរការទីតាំងដាក់បង្ហាញរថយន្តនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិស័យឯកជនចំពោះបរិយាកាសវិនិយោគដ៏អំណោយផល និងសក្តានុពលកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការទាក់ទាញម៉ាកល្បីលំដាប់អន្តរជាតិឱ្យមកវិនិយោគ និងពង្រីកអាជីវកម្ម។

លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន មិនត្រូវបានវាស់វែងត្រឹមតែកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃស្តង់ដារគុណភាព ទំនើបភាពទីផ្សារ និងទំនុកចិត្តក្នុងការឈានទៅរកឧត្តមភាព។ លោកជំទាវរដ្ឋមន្ត្រី បានបន្តថា វឌ្ឍនភាពនេះត្រូវបានបង្ហាញឡើងតាមរយៈកិច្ចសហការរវាងសហគ្រាសកម្ពុជា និងម៉ាកល្បីលំដាប់អន្តរជាតិ ការអភិវឌ្ឍជាបន្តបន្ទាប់របស់វិស័យឯកជន ព្រមទាំងការផ្តល់ជូននូវផលិតផល សេវាកម្ម និងបទពិសោធន៍ដែលមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការ និងការរំពឹងទុកកាន់តែខ្ពស់របស់អ្នកប្រើប្រាស់កម្ពុជា។ ក្នុងន័យនេះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា ទីផ្សារអ្នកប្រើប្រាស់នៅកម្ពុជាកំពុងមានការវិវត្តជាបន្តបន្ទាប់ ដោយតម្រូវការកាន់តែកើនឡើងចំពោះគុណភាព នវានុវត្តន៍ និងផលិតផល ព្រមទាំងសេវាកម្មលំដាប់ស្តង់ដារអន្តរជាតិ បានជំរុញឱ្យធុរកិច្ចបន្តលើកកម្ពស់ស្តង់ដារ ពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើតតម្លៃបន្ថែមជូនអ្នកប្រើប្រាស់។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចប្រកបដោយការប្រកួតប្រជែង តម្លាភាព និងបរិយាកាសអំណោយផលដល់ការវិនិយោគ និងការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុន HGB Prime Co., Ltd. ឱ្យបន្តវិនិយោគលើឧត្តមភាពនៃសេវាកម្ម ជាពិសេសសេវាកម្មក្រោយការលក់ ការអភិវឌ្ឍធនធានមនុស្ស នវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យយានយន្ត ព្រមទាំងប្រកបអាជីវកម្មដោយតម្លាភាព សុចរិតភាព និងទំនួលខុសត្រូវខ្ពស់៕

ព័ត៌មានជាប់ទាក់ទង