ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ អញ្ជើញជាអធិបតី និងជាហត្ថលេខី ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោង ចំនួន ១៤ ជាមួយសមាគម និងអង្គការមិនរដ្ឋាភិបាល
ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ អញ្ជើញជាអធិបតី និងជាហត្ថលេខី ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោង ចំនួន ១៤ ជាមួយសមាគម និងអង្គការមិនរដ្ឋាភិបាល
ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួមជាអធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៤ (បន្តកិច្ចព្រមព្រៀងចំនួន១៣ និងកិច្ចព្រមព្រៀងថ្មីចំនួន១) ដែលកម្មវិធីមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ ស.អ.យ. ៥ រាជធានី ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងប្រធាន និងតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំង១៤ នារសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសង្គមកិច្ច រាជធានីភ្នំពេញ។
ក្នុងចំណោមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំង១៤ដែលបានចុះហត្ថលេខានាពេលនេះ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន១១ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៣ ដែលភាគច្រើនអនុវត្តគម្រោង នៅរាជធានីភ្នំពេញ និងមួយចំនួនតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ក្នុងទំហំថវិកាគម្រោងសរុបប្រមាណ ១៦លានដុល្លារអាមេរិក ដោយសាមីអង្គការជាអ្នកចំណាយអនុវត្តគម្រោងដោយផ្ទាល់សម្រាប់រយៈពេល៣ឆ្នាំ (២០២៦-២០២៩)។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះផ្ដោតលើការងារ៣ធំៗរួមមាន៖ កិច្ចការពារកុមារ គាំពារជនរងគ្រោះ និងសុខុមាលភាពជនពិការ។
សូមជម្រាបផងដែរថា ភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាគម អង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបន្តបង្កើតឡើង តាមរយៈការចុះកិច្ចព្រមព្រៀងគម្រោងជាបន្តបន្ទាប់។
រហូតមកដល់ពេលនេះ មានសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស បានចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងស.អ.យ. សរុបចំនួន១៦៣ ដែលក្នុងនោះកំពុងអនុវត្តគម្រោងកិច្ចការពារកុមារចំនួន១១២ កិច្ចការគ្រួសារចំនួន៨ គាំពារជនរងគ្រោះចំនួន២៩ ជនមានពិការភាពចំនួន១៣ និងមនុស្សចាស់ចំនួន១៕



