ក្រសួងពាណិជ្ជកម្ម រៀបចំពិធីបិទបញ្ចប់ «គម្រោងពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ជនបទ (Rural E-commerce Empowerment Project)»

ក្រសួងពាណិជ្ជកម្ម រៀបចំពិធីបិទបញ្ចប់ «គម្រោងពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ជនបទ (Rural E-commerce Empowerment Project)»

 

នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំពិធីបិទបញ្ចប់ «គម្រោងពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ជនបទ (REEP) ក្រោមអធិបតីភាពរបស់ ឯកឧត្ដម កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា សាកលវិទ្យាល័យ ដៃគូអភិវឌ្ឍន៍ សមាគម វិស័យឯកជន អាជីវករ និងព្រមទាំងមានការចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Video Conference) ពីថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ទាំង២៥ ផងដែរ។

សូមជម្រាបជូនថា «គម្រោងពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ជនបទ (REEP)» គាំទ្រដោយមូលនិធិថ្នាក់តំបន់សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម (RT4D) ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីលទ្ធផលគម្រោង ចែករំលែកបទពិសោធន៍អនុវត្ត និងមេរៀនដែលបានរៀន និងពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធសាធារណៈ និងឯកជន ដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកជនបទនៅកម្ពុជា និងបង្ហាញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន ព្រមទាំងសេចក្តីព្រាង «ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកជនបទនៅកម្ពុជា ឆ្នាំ២០២៦–២០៣៥» ដែលជាឯកសារទិសដៅសំខាន់សម្រាប់ជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនៅតាមតំបន់ជនបទប្រកបដោយចីរភាព។

បន្ថែមពីនេះ កម្មវិធីនេះក៏បានផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មទាំង១០ ដែលចូលរួមក្នុងគម្រោង ក្នុងការតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផល ព្រមទាំងជំរុញការលក់ដោយផ្ទាល់ ដើម្បីពង្រីកទីផ្សារ និងបង្កើនឱកាសអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕

ព័ត៌មានជាប់ទាក់ទង