ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេស អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពី “ស្ថានភាពទូទៅ ទិន្នន័យ បញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យស្វាយកម្ពុជា”

ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេស អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពី “ស្ថានភាពទូទៅ ទិន្នន័យ បញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យស្វាយកម្ពុជា”

 

(សៀមរាប)៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេស បានអញ្ជើញជាអធីបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី “ស្ថានភាពទូទៅ ទិន្នន័យ បញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យស្វាយកម្ពុជា” ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម និងមានកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ដសៀមរាប និងខេត្ដបាត់ដំបង តំណាងមន្ទីរក្រោមឱវាទរបស់ខេត្ត សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា ព្រមទាំងតំណាងសមាគមន៍ អ្នកដាំដុះ ពាណិជ្ជករ និងក្រុមហ៊ុនកែច្នៃស្វាយ ក្នុងខេត្តទាំង៣ រួមមាន សៀមរាប បាត់ដំបង និងឧត្តរមានជ័យ ជាច្រើនរូប ផងដែរ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីដំណើរការនៃការចាប់ផ្តើមរៀបចំសេចក្តីព្រាងគោលនយោបាយស្វាយកម្ពុជា និងពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធនឹងស្ថានភាពផលិតកម្ម និងការអភិវឌ្ឍវិស័យស្វាយ ព្រមទាំងប្រមូលធាតុចូល និងអនុសាសន៍តម្រង់ទិសបន្ថែម ដើម្បីឱ្យការរៀបចំសេចក្តីព្រាងគោលនយោបាយនេះ ឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់តំណាងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងលើកឡើងពីសារៈសំខាន់នៃការរៀបចំសេចក្តីព្រាងគោលនយោបាយស្វាយកម្ពុជានេះ ដែលនឹងក្លាយទៅជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការកំណត់ទិសដៅឱ្យបានច្បាស់លាស់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីផលិតកម្មស្វាយ តាមរយៈការបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់ផលិតកម្ម ព្រមទាំងជួយបង្កើនប្រាក់ចំណូលកសិករនៅតាមទីជនបទ ជាពិសេស សំដៅជំរុញការនាំចេញស្វាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ៕

ព័ត៌មានជាប់ទាក់ទង