កម្លាំងចម្រុះខេត្តប៉ៃលិន ចុះបង្ក្រាបទីតាំង Online Scam ឃាត់ខ្លួនជនបរទេស
កម្លាំងចម្រុះខេត្តប៉ៃលិន ចុះបង្ក្រាបទីតាំង Online Scam ឃាត់ខ្លួនជនបរទេស
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំសមត្ថកិច្ចចម្រុះ បន្តប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង ដែលសង្ស័យលួចប្រព្រឹត្តបទល្មើស Online Scams ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយបានឃាត់ខ្លួនជនបរទេសមួយចំនួន រួមទាំងវត្ថុតាង ដែលប្រព្រិត្តបទល្មើស។
នៅក្នុងឱកាសចុះដឹកនាំបញ្ជាផ្ទាល់នោះ លោកស្រី បាន ស្រីមុំ បានសង្កត់ធ្ងន់ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នូវចំណុចសំខាន់ៗ រួមមាន៖ទី១. ត្រូវក្តាប់ឱ្យជាប់នូវរាល់មុខសញ្ញា និងទីតាំងសង្ស័យទាំងឡាយ ដែលមានក្នុងភូមិសាស្ត្រខេត្ត ដោយមិនត្រូវមើលរំលងសញ្ញាណ ណាមួយឡើយ។ទី២. អនុវត្តច្បាប់ គ្មានការលើកលែង ត្រូវចាត់វិធានការច្បាប់ ឱ្យបានតឹងរ៉ឹងបំផុត ចំពោះទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញ ដោយគ្មានការយោគយល់ ឬយោគវិន័យឡើយ ទោះជាស្ថិតក្នុងរូបភាពណាក៏ដោយ និងទី៣. ត្រូវត្រួតពិនិត្យការស្នាក់នៅ និងការធ្វើអាជីវកម្មរបស់ជនបរទេសក្នុងខេត្តឱ្យបានហ្មត់ចត់ ដើម្បីធានាថាពួកគេគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅច្បាស់លាស់ក្នុងការ ថែរក្សាសន្តិសុខ និងស្ថិរភាពប្រទេស ដោយធ្វើការបោសសម្អាតរាល់បទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ដើម្បីលើកកម្ពស់មុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ។ បន្តសហការយ៉ាងស្អិតល្មួត ជាមួយបណ្តាប្រទេសនានា ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះលោកស្រីអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការអនុវត្តន៍ប្រតិបត្តិការនេះ មិនមែនតែនៅក្នុងខេត្តប៉ៃលិននោះទេ បទបញ្ជាលុបបំបាត់ល្បែងស៊ីសង និង Scam អនឡាញនេះ ត្រូវបានអនុវត្តទូទាំង ២៥ រាជធានី-ខេត្ត យ៉ាងសកម្មដូចភ្លៀងរលឹម។
សូមបញ្ជាក់ថា សកម្មភាពយ៉ាងសស្រាក់សស្រាំ របស់រដ្ឋបាលខេត្តប៉ៃលិន គឺជារូបភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ហើយយុទ្ធនាការដឹកនាំដោយលោកស្រី បាន ស្រីមុំ មិនត្រឹម តែជាការបង្ក្រាបបទល្មើសជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារព្រមានមួយយ៉ាងធ្ងន់ធ្ងរ ទៅដល់ក្រុមឧក្រិដ្ឋជនទាំងឡាយថា «ខេត្តប៉ៃលិន ក៏ដូចជាប្រទេសកម្ពុជាទាំងមូល មិនមែនជាជម្រកសុវត្ថិភាព សម្រាប់សកម្មភាពខុសច្បាប់អនឡាញនោះឡើយ»៕



