ក្រសួងពាណិជ្ជកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធការងារឌីជីថល Microsoft Office 365» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ និងជំរុញរដ្ឋាភិបាលឌីជីថល

ក្រសួងពាណិជ្ជកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធការងារឌីជីថល Microsoft Office 365» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ និងជំរុញរដ្ឋាភិបាលឌីជីថល

 

នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «របៀបប្រើប្រាស់ Microsoft Office 365» ក្រោមអធិបតីភាពរបស់ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន/អង្គភាពចំណុះក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Video Conference) ពីថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលនៃមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ទាំង២៥ ផងដែរ។

វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថល និងបង្កើនប្រសិទ្ធភាពការងាររដ្ឋបាល សេវាសាធារណៈ ព្រមទាំងកិច្ចសម្រួលពាណិជ្ជកម្ម។

សូមជម្រាបជូនថា ការធ្វើទំនើបកម្មសមត្ថភាពផ្នែកបច្ចេកវិទ្យាដល់មន្រ្តីនៃក្រសួងពាណិជ្ជកម្មនាពេលនេះ គឺជាជំហានគន្លឹះមួយក្នុងការឆ្លើយតបទៅនឹង «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» ដើម្បីធានាថាការផ្តល់សេវាសាធារណៈ ជូនវិស័យឯកជន ពាណិជ្ជករ និងសាធារណជន ប្រកបដោយ ប្រសិទ្ធភាព និងឆាប់រហ័ស៕

 

ព័ត៌មានជាប់ទាក់ទង