ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចសហប្រតិបត្ដិការអន្ដរជាតិក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើជួញដូរមនុស្ស នៅខេត្ដព្រះសីហនុ

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចសហប្រតិបត្ដិការអន្ដរជាតិក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើជួញដូរមនុស្ស នៅខេត្ដព្រះសីហនុ

 

នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចសហប្រតិបត្ដិការអន្ដរជាតិក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើជួញដូរមនុស្ស នៅខេត្ដព្រះសីហនុ។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្ដទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការរៀបចំ និងសម្របសម្រួលរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ និងក្រសួងយុត្ដិធម៌នៃព្រះរាជាណាចក្រកម្ពុជា ដោយការមើលឃើញអំពីការវិវត្ដន៍នៃឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំងនៅអាស៊ីអាគ្នេយ៍ ហើយដែលការកើនឡើងនេះគឺកាន់តែមានលក្ខណៈប្រមូលផ្ដុំនៃការក្លែងបន្លំដែលប្រើបច្ចេកវិទ្យាជាមធ្យោបាយ (Cyber-enabled fraud) ប្រតិបត្ដិការឆបោកតាមអនឡាញ ការសម្អាតប្រាក់ និងការជួញដូរមនុស្ស។

វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងដោយផ្ដោតសំខាន់ លើការបំពាក់បំប៉នសមត្ថភាពបន្ថែមដល់អ្នកចូលរួមទាំងអស់ ក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់ក្នុងការរក្សា ពិនិត្យ វិភាគ និងដកយកភស្ដុតាងឌីជីថល។ លើសពីនេះទៅទៀត តាមរយៈបទបង្ហាញពីសំណាក់អ្នកជំនាញ​ និងកិច្ចពិភាក្សានានា អ្នកចូលរួមវគ្គបណ្ដុះបណ្ដាល អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់ខ្លួនដើម្បីឈានទៅបង្ការ បង្ក្រាប និងដំណើរការរឿងក្ដីពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការបំពានផ្លូវភេទ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធដទៃទៀត។ ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ ការផ្ដល់ជំនួយផ្នែកច្បាប់ និងបត្យាប័ន ក៏ត្រូវបានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ។

វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ឯកឧត្ដម ឆាន់ ស៊ីណា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃបណ្ឌិត្យសភាភូមិន្ទយុត្ដិធម៌កម្ពុជា ចៅក្រម ព្រះរាជអាជ្ញា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតសរុបប្រមាណ ៥០រូប។

ព័ត៌មានជាប់ទាក់ទង