ចាប់មនុស្សដាក់ចូលវ៉ាលី ធ្វើទារុណកម្មជំរិតយកលុយ៥ម៉ឺនដុល្លារ!នៅក្រុងព្រះសីហនុ !

ចាប់មនុស្សដាក់ចូលវ៉ាលី ធ្វើទារុណកម្មជំរិតយកលុយ៥ម៉ឺនដុល្លារ!នៅក្រុងព្រះសីហនុ !

ករណីចាប់ជំរិតដ៏រន្ធត់ និងពោរពេញដោយអំពើឃោរឃៅមួយ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយជនជាតិចិនម្នាក់ ត្រូវក្រុមជនសង្ស័យក្លែងខ្លួនជាប៉ូលិសចិន ចាប់វាយខ្នោះ ចងដៃជើង និងដាក់ចូលក្នុងវ៉ាលីធំ ដឹកយកទៅឃុំខ្លួនធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់រហូតដល់៥ម៉ឺនដុល្លារ។

ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បើកការស្រាវជ្រាវយ៉ាងសម្ងាត់អស់ជាច្រើនថ្ងៃ មុនឈានដល់ការឡោមព័ទ្ធផ្ទះវីឡាមួយកន្លែងក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងរំដោះជនរងគ្រោះបានដោយជោគជ័យ ខណៈជនរងគ្រោះរងរបួសធ្ងន់ និងមានស្នាមរបួសពេញខ្លួន។

តាមការស្រាវជ្រាវ ក្រុមជនសង្ស័យមានគ្នាប្រមាណ៧ទៅ៨នាក់ បានរៀបចំផែនការទុកជាមុនយ៉ាងល្អិតល្អន់ ដោយមានទាំងរថយន្តសម្រាប់ប្តូរគ្នាចំនួន៣គ្រឿង ឧបករណ៍ធ្វើទារុណកម្ម និងវ៉ាលីសម្រាប់ដាក់ជនរងគ្រោះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្នុងចំណោមក្រុមជនសង្ស័យ មានម្នាក់ជាមិត្តភក្ដិជិតស្និទ្ធរបស់ជនរងគ្រោះ ដែលជាអ្នកល្បួងហៅមកជួបនៅកាស៊ីណូមួយកន្លែងម្ដុំតោ២ មុនពេលធ្វើសកម្មភាពចាប់ខ្លួនតែម្តង។

ក្រោយធ្វើសកម្មភាព ក្រុមជនសង្ស័យបានដឹកជនរងគ្រោះទៅឃុំខ្លួនក្នុងផ្ទះវីឡា និងប្រើអំពើហិង្សាយ៉ាងឃោឃៅ ដើម្បីបង្ខំឲ្យផ្ទេរប្រាក់។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យអាចមានបណ្តាញរៀបចំជាអង្គការចាត់តាំង និងមានការរៀបចំសម្ភារសម្រាប់ប្រព្រឹត្តបទល្មើសទុកជាមុនយ៉ាងច្បាស់លាស់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះជនជាតិចិន៣នាក់ និងខ្មែរម្នាក់ ព្រមទាំងដកហូតវត្ថុតាងជាច្រើន រួមមាន ខ្នោះដៃ៧គូ, ដែកចុងស្រួច, ដែកទីបប្រវែងជាង២ម៉ែត្រ, ដង្កាប់, កាំបិត, ខ្សែកៅស៊ូ, វិទ្យុទាក់ទង២គ្រឿង, ទូរសព្ទដៃ៦គ្រឿង, វ៉ាលីពណ៌ខ្មៅ, សម្ភារប្រឡាក់ឈាមជាច្រើន រួមទាំងលិខិតឆ្លងដែនខ្មែរ ចិន និងឡាវផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ព័ត៌មានជាប់ទាក់ទង