ប្តីផឹកស្រវឹង និងរករឿងវាយប្រពន្ធ បង្កឱ្យមានជម្លោះ ឈានដល់ការវាយទៅវាយមក បណ្តាលឱ្យស្លាប់បុរសជាប្ដី!
ប្តីផឹកស្រវឹង និងរករឿងវាយប្រពន្ធ បង្កឱ្យមានជម្លោះ ឈានដល់ការវាយទៅវាយមក បណ្តាលឱ្យស្លាប់បុរសជាប្ដី!
អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយសារបុរសជាប្ដីស្រវឹងស្រា និងបានរករឿង ហើយវាយប្រពន្ធរងរបួស ទើបមានការតដៃ និងវាយទៅវិញទៅមក បណ្ដាលឱ្យបុរសជាប្ដី បាត់បង់ជីវិត ក្នុងពេលដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារ ដែលបណ្ដាលឱ្យបុរសជាប្ដី បាត់បង់ជីវិត និងប្រពន្ធរងរបួសនេះ បានកើតឡើង នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នាវេលាម៉ោង១៧៖៥០នាទីកាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
បើតាមសមត្ថកិច្ច មុនកើតហេតុ បុរសជាប្តីឈ្មោះ ខឹម ណេង បានស្រវឹងស្រា ហើយក៏បានរករឿងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះ កៅ នេម និងបានយកដំបងឈេីជ្រុងមកវាយប្រពន្ធចំនួន១ដំបង បណ្តាលឱ្យបែកក្បាល។
ទើបមានការប្រតាយប្រតបគ្នា រួចប្រពន្ធក៏ដណ្តេីមដំបងឈេីនោះពីប្តីវិញ ហេីយក៏បានវាយចំក្បាលប្តីចំនួន២ដំបង រួចប្តីក៏ដួលទៅលេីដីហេីយសន្លប់បាត់ទៅ ខណៈនោះស្ត្រីជាប្រពន្ធ ក៏បានហៅអ្នកនៅក្បែរខាង ឱ្យជួយជូនទៅពេទ្យ។ ពេលទៅដល់មណ្ឌលសុខភាព ស្ត្រីជាប្រពន្ធក៏បានលាងរបួស ចំណែកឯបុរសជាប្តី ដោយមានអាការៈធ្ងន់ធ្ងរ ត្រូវបានគ្រូពេទ្យបញ្ជូនបន្តទៅភ្នំពេញ និងមិនទាន់ដល់ភ្នំពេញផង ក៏បានស្លាប់បាត់ជីវិតពាក់កណ្តាលផ្លូវ។ សពត្រូវបានក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យតាមប្រព្រៃណី។
ចំណែកស្រ្តីជាប្រពន្ធ ដែលបានវាយប្ដីឱ្យបាតបង់ជីវិតនោះ ត្រូវបានអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់៕



