ធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាប័ណ្ណពីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក

ធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាប័ណ្ណពីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងជាសាធារណៈ ស្តីពីការសម្រេចដកហូតអាជ្ញាប័ណ្ណជាស្ថាពរពីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក H-Pay Civil Co., Ltd បន្ទាប់ពីរកឃើញថាគ្រឹះស្ថាននេះមិនបានអនុវត្តតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។

យោងតាមសេចក្តីថ្លែងការណ៍ ធនាគារជាតិនៃកម្ពុជាបានពិនិត្យឃើញថា ក្រុមហ៊ុនមិនបានអនុលោមតាមច្បាប់ និងបទបញ្ញត្តិបច្ចេកទេស។ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ធនាគារជាតិបានសម្រេចដកហូតអាជ្ញាប័ណ្ណបណ្តោះអាសន្នរយៈពេល ១៥ ថ្ងៃ ដើម្បីទុកពេលឱ្យក្រុមហ៊ុនស្វែងរកក្រុមហ៊ុនជម្រះបញ្ជី។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជាបានសម្រេចតែងតាំងក្រុមហ៊ុន សវនកម្ម រីចឆ៍ & ផាតនើរ ជាក្រុមហ៊ុនជម្រះបញ្ជីរបស់គ្រឹះស្ថាន អេច-ផេ សឺវីស ម.ក។

ក្រុមហ៊ុនជម្រះបញ្ជី នឹងធ្វើការប្រកាសជូនដំណឹងជាសាធារណៈយ៉ាងយូរបំផុតត្រឹមដាច់ខែ មេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បី 1. កំណត់អត្តសញ្ញាណម្ចាស់បំណុល 2. បញ្ជាក់ពីភាពជាម្ចាស់បំណុលស្របច្បាប់ ដើម្បីរៀបចំនីតិវិធីទូទាត់សងតាមលំដាប់លំដោយ។

ធនាគារជាតិនៃកម្ពុជា ក៏បានរំលឹកដល់សាធារណជនផងដែរថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក មិនមែនជាធនាគារឡើយ។ ដូច្នេះ ក្រុមហ៊ុននេះមិនមានសិទ្ធិទទួលប្រាក់បញ្ញើ ឬផ្តល់ឥណទាន (កម្ចី) ដល់អតិថិជននោះទេ។ ធនាគារជាតិនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការជម្រះបញ្ជីនេះ ដើម្បីការពារផលប្រយោជន៍របស់អតិថិជនឱ្យបានត្រឹមត្រូវ។

សាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបានណែនាំឱ្យតាមដានព័ត៌មានបន្ថែមពីក្រុមហ៊ុនជម្រះបញ្ជីក្នុងពេលឆាប់ៗនេះ។

ព័ត៌មានជាប់ទាក់ទង