ឃាត់ខ្លួនអ្នកទិញតាមផ្លូវ ឈានដល់ការឆ្មក់ចូលបន្ទប់ជួល ចាប់មេក្លោងជួញដូរគ្រឿងញៀន និងបក្សពួក ៦នាក់ទៀត ខណៈកំពុងចាក់ថ្នាំចោលក្នុងបង្គន់
ឃាត់ខ្លួនអ្នកទិញតាមផ្លូវ ឈានដល់ការឆ្មក់ចូលបន្ទប់ជួល ចាប់មេក្លោងជួញដូរគ្រឿងញៀន និងបក្សពួក ៦នាក់ទៀត ខណៈកំពុងចាក់ថ្នាំចោលក្នុងបង្គន់
កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ជួលមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៧នាក់ ព្រមទាំងដកហូតបានថ្នាំញៀន និងវត្ថុតាងមួយចំនួន ខណៈមុខសញ្ញាជួញដូរម្នាក់ទៀតបានរត់គេចខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី៦ មេសា ២០២៦ នៅចំណុចបន្ទប់ជួលក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនសរុបមាន ៧នាក់ (ស្រី ៣នាក់) ក្នុងនោះមានម្ចាស់បន្ទប់ឈ្មោះ សឿន ដេវីត (ប្រុស, ២៥ឆ្នាំ) ជាអ្នកជួញដូរផ្ទាល់ និងធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំ៦ខែ ពីបទគ្រឿងញៀន។ ចំណែកជនសង្ស័យ ៦នាក់ទៀត រួមមានឈ្មោះ សន ថា (ប្រុស, ២២ឆ្នាំ) ឈ្មោះ ឃី សុខណែត (ប្រុស, ២៣ឆ្នាំ) ឈ្មោះ សុខ វិសាល (ប្រុស, ២៣ឆ្នាំ) ឈ្មោះ ង៉ែត ស្រីនុត (ស្រី, ២៤ឆ្នាំ) ឈ្មោះ ជៃ សុភ័ណ្ឌ (ស្រី, ២០ឆ្នាំ) និងឈ្មោះ អឿន ឡៃអ៊ី (ស្រី, ២៦ឆ្នាំ)។ ដោយឡែកជនសង្ស័យឈ្មោះ តន់ សុហនីន (ប្រុស, ៣០ឆ្នាំ) ដែលជាអ្នកជួញដូរជាមួយគ្នា បានរត់គេចខ្លួន។ វត្ថុតាងដកហូតរួមមាន ថ្នាំញៀន ១កញ្ចប់មធ្យម ទម្ងន់១.១២ក្រាម ប្រាក់ ៣៧០០០រៀល ម៉ូតូហុងដាឌ្រីម ១គ្រឿង និងទូរស័ព្ទដៃ ៥គ្រឿង។
លោកអធិការបានបន្តថា មុនពេលឈានដល់ការឆ្មក់ចូលបន្ទប់ជួល កម្លាំងនគរបាលបានល្បាតតាមផ្លូវ និងឃាត់ខ្លួនឈ្មោះ សន ថា និងឈ្មោះ ឃី សុខណែត ដែលកំពុងជិះម៉ូតូឌុបគ្នា ដោយរឹបអូសបានថ្នាំញៀន ១កញ្ចប់។ ពួកគេសារភាពថាបានទិញថ្នាំនេះពីឈ្មោះ សឿន ដេវីត ក្នុងតម្លៃ ៣៧០០០រៀល ទើបសមត្ថកិច្ចបន្តតាមទៅវែកមុខដល់បន្ទប់ជួល និងឃាត់ខ្លួនបក្សពួក ៥នាក់ទៀត ដែលកំពុងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀន។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សឿន ដេវីត បានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនមកលក់បន្ត និងរៀបចំឲ្យបក្សពួកប្រើប្រាស់ក្នុងបន្ទប់របស់ខ្លួនប្រាកដមែន ដោយកន្លងមកខ្លួន និងឈ្មោះ តន់ សុហនីន តែងតែទិញថ្នាំញៀនមកចែកចាយ។ អ្វីដែលហួសចិត្តនោះ គឺនៅពេលឃើញសមត្ថកិច្ចចុះទៅដល់ភ្លាម ខ្លួនបានប្រញាប់យកថ្នាំញៀនដែលនៅសល់ទៅចាក់ចោលក្នុងចានបង្គន់បាត់ទៅហើយ។ ជនសង្ស័យទាំង ៧នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕



