ករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តរត់នៅស្រុកចំការលើ ខេត្តកំពង់ចាម សមត្ថកិច្ចសម្រេចផ្ទុះអាវុធ៣គ្រាប់ ដើម្បីបញ្ឈប់រថយន្ដបង្ក និងឃាត់ខ្លួនអ្នកបើកបរ
ករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តរត់នៅស្រុកចំការលើ ខេត្តកំពង់ចាម សមត្ថកិច្ចសម្រេចផ្ទុះអាវុធ៣គ្រាប់ ដើម្បីបញ្ឈប់រថយន្ដបង្ក និងឃាត់ខ្លួនអ្នកបើកបរ
ករណីសមត្ថកិច្ចផ្ទុះអាវុធ៣គ្រាប់ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ គឺដើម្បីបញ្ឈប់រថយន្ដមួយគ្រឿង ដែលបុករថយន្ដពីរគ្រឿងផ្សេងទៀត ហើយព្យាយាមរត់គេចពីកន្លែងកើតហេតុ និងរត់គេចពីការដេញតាមឃាត់ពីកម្លាំងសមត្ថកិច្ចជំនាញ។
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា រថយន្តបង្កម៉ាក Toyota Alpard ពណ៌ខ្មៅ (បិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់) បើកបរក្នុងលក្ខណៈមិនប្រក្រតី (បុករថយន្តចំនួន២គ្រឿងនៅលើដងផ្លូវ) នៅចំណុចភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ ។
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានបញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការព្យាយាមបញ្ឈប់រថយន្ត តែរថយន្តមិនព្រមបញ្ឈប់សកម្មភាព រហូតដល់បុកនគរបាលបណ្ដាលឲ្យមានរបួសចំនួន២នាក់ និងបំបុករថយន្តរបស់សមត្ថកិច្ច ចំនួន១គ្រឿង និងម៉ូតូ៣គ្រឿងបន្ថែមទៀត ។
ដើម្បីការពារខ្លួន និងកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃផងនោះ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់ បំបែកកង់ឡានតែម្ដង ដើម្បីឃាត់រថយន្តខាងលើ។ បច្ចុប្បន្នសមត្ថកិច្ច បាននាំជនសង្ស័យក្នុងរថយន្តចំនួន១នាក់ ឈ្មោះ ប៉ុល ពោធិចា អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរ មកសួរនាំបន្ត នៅអធិការដ្ឋាននគរបាលស្រុកចំការលើ៕



