លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង”
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង”
ភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់កាលកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ។
កិច្ចប្រជុំនេះគឺជាការបង្ហាញនូវឆន្ទៈរួមគ្នាគិតគូរទៅលើប្រព័ន្ធគ្រប់គ្រង ការកំណត់តួនាទីភារកិច្ចឱ្យកាន់តែច្បាស់លាស់ ទំនួលខុសត្រូវនិងគណនេយ្យភាព ដើម្បីបន្តជួយជំរុញឱ្យស្ថាប័នកាកបាទក្រហមកម្ពុជា មានសមត្ថភាពកាន់តែរឹងមាំបន្ថែមទៀត មានភាពធន់ ព្រមទាំងមានការត្រៀមលក្ខណៈរួចជាស្រេចឆ្លើយតបទៅនឹងគ្រប់ស្ថានការណ៍ ដែលនឹងកើតមានឡើងជាយថាហេតុ ដោយសារតែការផ្លាស់ប្តូររបត់នយោបាយ រួមជាមួយនឹងស្ថានភាពពិភពលោកដែលវិវត្តន៍កាន់តែស្មុគ្រស្មាញឡើងៗ។
ថ្លែងចាប់ផ្តើមក្នុងពិធីបិទកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជសុវណ្ណីផ្តាំសួរសុខទុក្ខ និងកោតសរសើរពី សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងបុព្វហេតុមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាកន្លងមក។ បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណលោកស្រី Dorsa Nazami-Salman ប្រធានបេសកកម្ម ICRC ដែលតែងផ្តល់កិច្ចសហប្រតិបត្តិការល្អ ការរួមសុខរួមទុក្ខ និងការគាំទ្រផ្សេងៗ ដើម្បីជួយជំរុញដល់កាកបាទក្រហមកម្ពុជា។
ជាលទ្ធផលនៃកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានឯកភាពលើទិសដៅការងារបន្តរបស់អង្គប្រជុំជូនគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិ មានដូចជា (១) អភិបាលកិច្ចល្អ ក្នុងការកំណត់តួនាទីភារកិច្ចយ៉ាងច្បាស់លាស់ (២)ការពង្រឹងតម្លាភាព និងគណនេយ្យភាព ដើម្បីជាដើមទុននៃការជឿទុកចិត្ត (៣)ការបន្តរៀនសូត្រ និងកែលម្អជានិច្ច (៤)កាតព្វកិច្ចក្នុងការរក្សាសុវត្ថិភាពការងារ (៥)ការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ និង(៦)ទិវា ៨ ឧសភា គឺជាចលនាមនុស្សធម៌ដ៏ផុលផុស។
យើងបានដឹងហើយថា ក្នុងរយៈពេល ៧១ឆ្នាំ កន្លងមកនេះ កាកបាទក្រហមកម្ពុជា ពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជម្នះគ្រប់ឧបសគ្គ ដើម្បីបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈនៅក្នុងវិស័យមនុស្សធម៌ រួមមានជាអាទិ៍ ក្នុងពេលមានគ្រោះមហន្តរាយ វិបត្តភ័យ សង្គ្រាម និងសន្តិភាព៕



