លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានចាត់ឱ្យមន្រ្តីចុះទៅអញ្ជើញ និងទទួល លោកយាយ ហួន យឹម មកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរសុខទុក្ខ និងជូនថវិកា អង្ករ ភេសជ្ជៈ
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានចាត់ឱ្យមន្រ្តីចុះទៅអញ្ជើញ និងទទួល លោកយាយ ហួន យឹម មកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរសុខទុក្ខ និងជូនថវិកា អង្ករ ភេសជ្ជៈ
រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានចាត់ឱ្យមន្រ្តីចុះទៅអញ្ជើញ និងទទួល លោកយាយ ហួន យឹម មកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរសុខទុក្ខ និងជូនថវិកា អង្ករ ភេសជ្ជៈ ដល់លោកយាយ ហើយក្នុងនោះដែរ បងប្រុសជាសប្បុរសជន ក៏បាននាំយកនូវថវិកាដែលបងប្អូនសប្បុរសជនចូលរួមឧបត្ថម្ភ ជូនដល់លោកយាយផងដែរ។
លោកយាយ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ជាអ្នករត់ម៉ូតូកង់បី ប្រើកលល្បិច លួចយកបន្លែ ផ្លែឈើ និងសម្ភារៈលក់ដូររបស់លោកយាយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្ន លោកយាយ មានអាយុ ៧៤ឆ្នាំ រស់នៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោកយាយខិតខំប្រឹងប្រែងលក់ដូររកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯង ដោយទិញបន្លែផ្លែឈើ ពីផ្សារច្រាំងចំរេះ(គីឡូម៉ែត្រលេខ៧) យកទៅលក់នៅផ្សារអូឡាំពិក។
សូមជម្រាបជូនផងដែរថា៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៦:៣០នាទីព្រឹក បន្ទាប់ពីលោកយាយ បានទិញបន្លែផ្លែឈើពីផ្សារច្រាំងចំរេះរួច ក៏បានមកឈររង់ចាំរថយន្តក្រុងសាធារណៈ នៅចំណតមុខសាលាបឋមសិក្សាច្រាំងចំរេះ ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ខណៈពេលកំពុងរង់ចាំស្រាប់តែមានអ្នករត់ម៉ូតូកង់បីម្នាក់បានបើកបរម៉ូតូកង់បីកាត់មុខលោកយាយ និងបានបត់ត្រឡប់ក្រោយមកសួរនាំលោកយាយ រួចក៏បានដឹកលោកយាយ និងបន្លែផ្លែឈើ ដើម្បីយកទៅលក់នៅផ្សារអូឡាំពិក លុះមកចំណុចផ្លូវបេតុង(អតីតផ្លូវរថភ្លើង) ក្បែរស្ថានីយ៍ប្រេងតេលាខ្មែរ កែងផ្លូវ២០០R ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ អ្នករត់ម៉ូតូកង់បី បានប្រាប់លោកយាយថា ម៉ូតូកង់បីអស់ហ្គាស និងឱ្យលោកយាយចុះពីលើម៉ូតូកង់បីសិនព្រោះធ្ងន់ជិះទៅមុខមិនរួច ដោយទុកបន្លែ ផ្លែឈើ និងសម្ភារៈលក់ដូរនៅលើម៉ូតូកង់បី ហើយអ្នករត់ម៉ូតូកង់បីក៏បានបើកបរចេញទៅបាត់ មិនឃើញត្រឡប់មកវិញ។
ចំពោះមុខ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាដឹកនាំកម្លាំងជំនាញ បន្តចុះស្រាវជ្រាវស្វែងរកអ្នករត់ម៉ូតូកង់បីខាងលើ ដើម្បីសួរនាំបំភ្លឺចាត់ការតាមនីតិវិធីច្បាប់។
ប្រសិនបើ បងប្អូនចង់សាកសួរព័ត៌មានអំពីស្ថានភាពរបស់លោកយាយ អាចទំនាក់ទំនងមកសមត្ថកិច្ចយើង តាមរយៈទូរស័ព្ទលេខ 086 691 631។



