សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ប្រជុំពិភាក្សាដើម្បីស្វែងរកលទ្ធភាពសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ប្រជុំពិភាក្សាដើម្បីស្វែងរកលទ្ធភាពសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា ៖ “ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត”។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសង្ឃឹមថា ភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មផងដែរ៕



