លោក ឆាង ឆៃអភិបាលស្រុក ដំណាក់ចង្អើរ អញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ស្ដីពីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីការពារសុខសុវត្ថិភាពសង្គមយើង!
(ខេត្តកែប)៖នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២៦ នេះ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំធំសេះស សាលាខេត្តកែប។
កិច្ចប្រជុំនេះគឺផ្តោតសំខាន់លើការផ្សព្វផ្សាយ “អនុក្រឹត្យលេខ០៣” ស្តីពីការពង្រឹងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងប្រមូលផ្តុំ និងវិធានការក្តៅក្នុងការទប់ស្កាត់ និងបោសសម្អាតបទល្មើសឆបោកតាមអនឡាញ (Online Scams) ដែលកំពុងកើតមានក្នុងភូមិសាស្ត្ររបស់យើង។ ក្នុងនាមអាជ្ញាធរស្រុក យើងប្តេជ្ញាចិត្តយកស្មារតីនៃអង្គប្រជុំនេះមកអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។ សូមពុកម៉ែបងប្អូនទាំងអស់ពិសេស សេវាករជាម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ បឹងហ្គាឡូ បង្កើនការប្រុងប្រយ័ត្ន និងសហការរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ប្រសិនបើជួបប្រទះករណីសង្ស័យណាមួយ!
#ខេត្តកែប
#រដ្ឋបាលស្រុកដំណាក់ចង្អើរ #បញ្ឈប់ការឆបោកអនឡាញ #OnlineScams
#ភូមិឃុំមានសុវត្ថិភាព
#ឆាងឆៃអភិបាលស្រុកដំណាក់ចង្អើរ



