លោកជំទាវ ឡៅ គីមម័រ ចូលរួមអបអរ ឧកញ៉ា លឹម ហ័រពុទ្ធ ប្រធានក្រុមហ៊ុន វ៊ែរហៅស៍ វ័ន អេនធើប្រាយ ឯ.ក ក្នុងឱកាសបើកសម្ពោធជាផ្លូវការផែស្ងួត
លោកជំទាវ ឡៅ គីមម័រ ចូលរួមអបអរ ឧកញ៉ា លឹម ហ័រពុទ្ធ ប្រធានក្រុមហ៊ុន វ៊ែរហៅស៍ វ័ន អេនធើប្រាយ ឯ.ក ក្នុងឱកាសបើកសម្ពោធជាផ្លូវការផែស្ងួត
កំពង់ផែស្ងួត វែរហៅស៍វ័ន ដែលវិនិយោគឡើងដោយក្រុមហ៊ុន វែរហៅស៍វ័នអេនធើប្រាយ ដឹកនាំដោយលោកឧកញ៉ា លឹម ហ៊រពុទ្ធ និងលោកស្រីអគ្គនាយិកា តាំង យិនលិង ក្រោមទុនវិនិយោគជាង១៥លានដុល្លារ ស្ថិតនៅខេត្តកំពង់ស្ពឺ បានសម្ពោធដាក់ឱ្យដំណើរ ជាផ្លូវការ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីរួមចំណែកលើកកម្ពស់វិស័យភស្តុភាកម្មនៅកម្ពុជា។
ពិធីសម្ពោធនេះ បានរៀបចំឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចូលរួមពី លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ាមកពីសមាគមសហគ្រាសខ្នាតតូច (Small Business Enterprises ) វិនិយោគិនជាតិនិងអន្តរជាតិ ប្រមាណជាង៣០០នាក់ និងប្រជាពលរដ្ឋក្នុងទឹកស្រុកគងពិសី ប្រមាណជា ១៥០០ នាក់។
ដោយមើលឃើញចក្ខុវិស័យគិតគូរវែងឆ្ងាយនិងច្បាស់លាស់របស់រាជរដ្ឋាភិបាលលើបទពិសោធន៍វិជ្ជាជីវៈនៃភស្តុភាកម្ម ដែលមានរយៈពេលជាង១០ឆ្នាំ ក្រុមហ៊ុន FWI Corporation បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយឡើងជាផ្លូវការនាថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២២ គឺក្រុមហ៊ុន វែរហៅស៍វ័នអេនធើប្រាយ។ វែរហៅស៍វ័នអេនធើប្រាយ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FWI Corporation ដែលជាការវិនិយោគរួមរវាងកម្ពុជា និង AFMF Singapore និងទទួលបានការគាំទ្រពីក្រុមហ៊ុនបុត្រសម្ព័ន្ធ FWF ដែលជាការវិនិយោគរួមរវាងកម្ពុជា និង Nisshin Japan។ ក្រុមហ៊ុន វែរហៅស៍វ័ន អេនធើប្រាយ រហូតមកដល់ពេលនេះ មានបុគ្គលិកបម្រើការងារសរុបទាំងអស់ ៨៨ នាក់ កំពុងបម្រើការងារនៅតាមបច្ចេកទេស រដ្ឋបាល និងប្រតិបត្តិការ។
កំពង់ផែស្ងួតវែរហៅស៍វ័ននេះ ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ គម្រោងផែស្ងួតនេះ ត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំប្រមាណជិត ៧ហិចតា ដោយបានចំណាយដើមទុនវិនិយោគសរុបប្រមាណជាង ១៥ លាន ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការតំឡើងឧបករណ៍បច្ចេកទេស និងការរៀបចំប្រព័ន្ធប្រតិបត្តិការដែលមានស្តង់ដារសមស្របតាមតម្រូវការអាជីវកម្មភស្តុភាកម្មសម័យទំនើប។
ក្នុងហេដ្ឋារចនាសម្ព័ន្ធផែស្ងួតនេះ រួមមាន ឃ្លាំងទុកដាក់ទំនិញ សម្រាប់ការនាំចេញ នាំចូលដែលមានផ្ទៃក្រឡា ២៣,០០០ម៉ែត្រការេ អគារការិយាល័យបុគ្គលិក និងមន្រ្តីគយ មានកម្ពស់៣ជាន់ និងផ្ទៃក្រឡា១,៥០០ម៉ែត្រការេ បំពាក់ដោយបរិក្ខាទំនើបៗ សម្រាប់ការគ្រប់គ្រងនិងសេវាកម្មអតិថិជន ទីលានទុកដាក់ទូកុងតឺន័រ ទីធ្លាចំណតយានយន្តដឹកជញ្ជូន និងចំណតសម្រាប់ភ្ញៀវ រោងជាងជួសជុលយានយន្ត។ល។និង។ល។
ឃ្លាំងទុកដាក់ទំនិញនិងអគាររបស់កំពង់ផែនេះ បានប្រើប្រាស់គំនិតរចនាបៃតង និងបច្ចេកវិទ្យាសន្សំថាមពល មានប្រព័ន្ធបំបាត់ទឹកកខ្វក់តាមស្តង់ដារ ដើម្បីធានាការគ្រប់គ្រងបរិស្ថានយ៉ាងមានការទទួលខុសត្រូវខ្ពស់។ ចំពោះសុវត្ថិភាព បានបំពាក់ប្រព័ន្ធពន្លត់អគ្គិភ័យតាមស្តង់ដារ UL និង FM របស់សហរដ្ឋអាមេរិក ដើម្បីការពារបុគ្គលិក ទំនិញ និងទ្រព្យសម្បត្តិ។ ទាំងនេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះស្តង់ដារអន្តរជាតិ និងគោលការណ៍ ESG ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលបានបង្កើតការងារ ពង្រឹងជំនាញ បង្កើនប្រសិទ្ធភាពខ្សែចង្វាក់ផ្គត់ផ្គង់ និងជំរុញពាណិជ្ជកម្មដោយកាត់បន្ថយការចំណាយនិងពេលវេលា ជួយលើកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ។
ផែស្ងួតវែរហៅស៍វ័ន មិនមែនគ្រាន់តែជាកន្លែងស្តុកទំនិញទេ វាក៏ជាវេទិកាដឹកជញ្ជូន One-Stop ដែលរួមបញ្ចូលឃ្លាំង ទីកន្លែងបំពេញបែបបទគយ និងការតភ្ជាប់ដឹកជញ្ជូនពេញលេញផងដែរ។ គោលបំណង នៃការសាងសង់ផែស្ងួតនេះឡើង គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ និងជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង តាមរយៈ៖
១. ការទាក់ទាញ គៀងគរវិនិយោគិនបរទេសមកធ្វើធុរកិច្ចនៃការធ្វើទំនើបកម្ម នៃភស្តុភាកម្មផែស្ងួតនេះ។
២. ការបង្កើតការងារជូនដល់ប្រជាពលរដ្ឋ។
៣. ការបង្កើតចំណូលពន្ធជូនរាជរដ្ឋាភិបាល។
៤. ការបង្កើតជាមជ្ឈមណ្ឌលផ្តល់សេវាកម្មតែមួយកន្លែងសម្រាប់ការងារភស្តុភាកម្ម។
៥. ការបង្កើនល្បឿននៃការនាំចេញឲ្យបានលឿន និងច្រើន។
៦. ការកាត់បន្ថយការចំណាយដឹកជញ្ជូនតាមផ្លូវគោក ។
ឧកញ៉ា លឹម ហ៊រពុទ្ធ អគ្គនាយកក្រុមហ៊ុន វែរហៅស៍វ័នអេនធើប្រាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជានិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) សម្រាប់ការគាំទ្រដ៏មានតម្លៃ រួមទាំងការលើកលែងពន្ធនាំចូលសម្ភារៈសំណង់ និងបរិក្ខារ។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្ត និងស្រុក សម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងការបើកឱ្យដំណើរការ ផែស្ងួតវែរហៅស៍វ័ន នេះ ។ ក្រុមហ៊ុន វែរហៅស៍វ័ន អេនធើប្រាយបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់សេវាដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព
និងនិរន្តរភាព។
ផែស្ងួតវែរហៅស៍វ័ន មានទីតាំង ស្ថិតនៅភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនកំពុងបន្តជ្រើសរើសមុខតំណែងជាច្រើនបន្ថែមទៀត ដើម្បីគាំទ្រដល់ការពង្រីកសកម្មភាពអាជីវកម្ម និងការកើនឡើងនៃតម្រូវការសេវាក្មភស្តុភាកម្ម ផងដែរ៕



