នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីបង្ហោះផ្សព្វផ្សាយ លក់ឆ្នោតកោសអនឡាញខុសច្បាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីបង្ហោះផ្សព្វផ្សាយ លក់ឆ្នោតកោសអនឡាញខុសច្បាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក

ភ្នំពេញ : យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកការស្រាវជ្រាវ និងបង្ក្រាបលើករណីបង្ហោះផ្សព្វផ្សាយ លក់ឆ្នោតកោសអនឡាញខុសច្បាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានទំព័រហ្វេសប៊ុកឈ្មោះ Win Scratch Asia 666 មានតំណរភ្ជាប់…. ដែលផ្ទុយទៅនឹងសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ក.ទ ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ និងការសាកសួរ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានផ្តល់គណនីធនាគារ (ABA) និងលេខទូរស័ព្ទរបស់ខ្លួនជួលឱ្យទៅក្រុមជនល្មើស ដើម្បីយកទៅប្រព្រឹត្តសកម្មភាពខុសច្បាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការឱ្យអ្នកដទៃជួល គ្រប់គ្រង ឬខ្ចីគណនីធនាគារ និងលេខទូរស័ព្ទរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។ សកម្មភាពនេះអាចធ្វើឱ្យបងប្អូនក្លាយជាអ្នកចូលរួមចំណែកក្នុងអំពើល្មើសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

 

ព័ត៌មានជាប់ទាក់ទង