សិក្ខាសាលាស្តីពី «តួនាទីមេធាវីក្នុងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្ម»
សិក្ខាសាលាស្តីពី «តួនាទីមេធាវីក្នុងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្ម»
នៅទីស្នាក់ការគណៈមេធាវី នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សិក្ខាសាលាស្តីពី «តួនាទីមេធាវីក្នុងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានវាគ្មិនកិត្តិយសលោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងមានវត្តមានថ្នាក់ដឹកនាំគណៈមេធាវី សមាជិកគណៈមេធាវី ព្រមទាំងសិស្សមេធាវីចូលរួមសរុបចំនួន ១៨៧ នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យសិក្ខាកាមបានស្វែងយល់អំពីសញ្ញាណទូទៅនៃការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មព្រមទាំងតួនាទីរបស់មេធាវីក្នុងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្ម រួមមានកាតព្វកិច្ចក្នុងការរក្សាទុកឯកសារ ការរាយការណ៍ និងការរក្សាការសម្ងាត់វិជ្ជាជីវៈ ទណ្ឌកម្មពាក់ព័ន្ធនិងវិធានការបណ្តោះអាសន្នលើទ្រព្យក្នុងបទល្មើស។
បន្ទាប់ពីបញ្ចប់សិក្ខាសាលាអស់រយៈពេលកន្លះថ្ងៃ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី យ័រ ស៊ីណាល់ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមជាអធិបតីបិទសិក្ខាសាលា។ នាឱកាសនោះ លោកមេធាវី យ័ន ស៊ីណាល់ បានថ្លែងបញ្ជាក់ និងរំលឹកដល់សហភាតា អំពីសារៈសំខាន់របស់មេធាវីនៅក្នុងច្បាប់ខាងលើ។ លោកមេធាវីជឿជាក់ថា បងប្អូនសហភាតានឹងបានយល់ច្បាស់ និងស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅ អំពីច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្ម ក្នុងន័យមួយទទួលបាននូវចំណេះដឹងបន្ថែមដើម្បីយកទៅអនុវត្តក្នុងការប្រកបវិជ្ជាជីវៈជាមេធាវី។ លោកមេធាវី ក៏បានថ្លែងកោតសរសើរដល់វាគ្មិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែក ព្រមទាំងជឿជាក់ថា ការចែករំលែករបស់លោកជំទាវ និងក្រសួងយុត្តិធម៌នៅតែមានជាបន្តបន្ទាប់ចំពោះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។



