ឱកាសមាសសម្រាប់អ្នកផលិតមាតិកា! ក្រសួងទេសចរណ៍ និង ក្រុមហ៊ុន វិរៈ ប៊ុនថាំ ប្រកាសបើកការប្រកួត «មាតិកាទេសចរណ៍ឆ្នើម» ជាមួយប្រាក់រង្វាន់ធំ ៥,០០០ ដុល្លារ
(ភ្នំពេញ)៖ ជាដំណឹងដ៏រំភើបមួយសម្រាប់ពិភពអ្នកផលិតមាតិកា (Content Creators) នៅកម្ពុជា ខណៈដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបើកជាផ្លូវការនូវពានរង្វាន់វិរៈប៊ុនថាំ «មាតិកាទេសចរណ៍ឆ្នើម» កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងធំមួយ គឺដើម្បីប្រែក្លាយការផលិតមាតិកា ឱ្យទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។
កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ដោយមានការសហការរៀបចំ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងទេសចរណ៍។ ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ អ្នកឧកញ៉ា សួរ វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន វិរៈ ប៊ុនថាំ, ថ្នាក់ដឹកនាំក្រសួង, មន្ត្រីរាជការ និងពិសេសគឺវត្តមានរបស់តារាអនឡាញ អ្នកផលិតមាតិកាល្បីៗ (Influencers/KOLs) ជាច្រើនរូប។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ហួត ហាក់ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សួរ វីរៈ និងក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលជានិច្ចកាលតែងតែជាដៃគូដ៏សកម្ម ក្នុងការជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់ព្រឹត្តិការណ៍ទេសចរណ៍នានា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង» និងកម្មវិធីសប្បុរសធម៌ផ្សេងៗ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់ចំពោះបងប្អូនអ្នកផលិតមាតិកាទាំងអស់ មិនថាជាជនជាតិខ្មែរ ឬបរទេស ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួន ក្នុងការបង្កើតវីដេអូ និងរូបភាពស្អាតៗ ដើម្បីបង្ហាញពីសម្រស់កម្ពុជាទៅកាន់ពិភពលោក។

